អិលអូអិលស៊ី ទទួលបានពានរង្វាន់ឆ្នើមក្នុងការបញ្ចេញកម្ចីមានការធានាច្រើនប្រចាំឆ្នាំពី សាជីវកម្មធានាឥណទានកម្ពុជា (CGCC)

រាជធានីភ្នំពេញ ថ្ងៃទី23 ខែមករា ឆ្នាំ2025៖ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា ទទួលបានពានរង្វាន់ជាគ្រឹះស្ថានដែលសម្រេចបាននូវសមិទ្ធផលខ្ពស់ក្នុងការបានបញ្ចេញកម្ចីមានការធានាច្រើនជាងគេ (Outstanding Performance in Number of Guaranteed Account 2024) ក្នុងសន្និបាតប្រចាំឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ស្តីពី “ការធ្វើនវានុវត្តន៍យន្តការធានាឥណទាន ដើម្បីគាំទ្រហិរញ្ញប្បទានបៃតង” បន្ទាប់ពីបានអនុវត្តកិច្ចការងារមួយនេះយ៉ាងពេញលេញប្រកបដោយការទទួលខុសត្រូវខ្ពស់។

សិន្នបាតនេះមានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

សន្និបាតប្រចាំឆ្នាំរបស់ CGCC ត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃយន្តការធានាឥណទានរបស់រាជរដ្ឋាភិបាល សម្ពោធដាក់ឱ្យដំណើរការគម្រោងធានាឥណទានសាធារណៈថ្មីៗ និងជាវេទិកាចែករំលែកមេរៀន និងបទពិសោធន៍នៃការធ្វើនវានុវត្តន៍យន្តការធានាឥណទាន ដើម្បីគាំទ្រហិរញ្ញប្បទានបៃតង ឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ការគាំទ្របរិយាន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា។ សន្និបាតនេះ មានអ្នកចូលរួមដែលជាតំណាងមកពីស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនមូលបត្រ សមាគមអាជីវកម្ម និងស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ ១៥០រូប។

ក្នុងឱកាសនោះផងដែរ អិលអូអិលស៊ី ពិតជាមានកិត្តយស និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការទទួលបានពានរង្វាន់ និងប័ណ្ណសរសើរក្នុងការទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចូលរួមឆ្នើមមួយរបស់ CGCC ប្រចាំឆ្នាំ២០២៤។ សមិទ្ធផលនេះបានចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ទូទាំងប្រទេសកម្ពុជា។




Publish date: February 05, 2025