អិលអូអិលស៊ី សហការជាមួយក្រុមហ៊ុន SEVEA រៀបចំកិច្ចជួបជុំក្រុមហ៊ុនផ្គត់ផ្គង់សម្រាប់ហិរញ្ញប្បទានប្រកបដោយចរីភាព ស្តីពីគម្រោងកម្ចីបៃតង ផ្តោតសំខាន់លើការផ្តល់លទ្ធភាពដល់អតិថិជនក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់កម្ចីបៃតង ស្របពេលថែរក្សាធនធានធម្មជាតិ និងលើកកម្ពស់សុខភាពសាធារណៈ

រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤៖ អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយក្រុមហ៊ុន SEVEA រៀបចំកិច្ចជួបជុំក្រុមហ៊ុនផ្គត់ផ្គង់សម្រាប់ហិរញ្ញប្បទានដោយនិរន្តរភាពស្តីពីគម្រោងកម្ចីបៃតង នៅសាលប្រជុំរបស់ អិលអូអិលស៊ី។​ កិច្ចជួបជុំនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពី លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (LOLC)​ តំណាងក្រុមហ៊ុន SEVEA តំណាងក្រុមហ៊ុនផ្គត់ផ្គង់ធំៗមួយចំនួនផងដែរ ។

កិច្ចជួបជុំនេះរៀបចំឡើងក្នុងគោលបំណង ធ្វើកិច្ចពិភាក្សាយ៉ាងស៊ីជម្រៅ អំពីទីផ្សារសក្តានុពលសម្រាប់បច្ចេកវិទ្យាបៃតង ទិដ្ឋភាពទូទៅនៅក្នុងទីផ្សារ និងបញ្ហាប្រឈមនានា។ បន្ថែមលើនេះផងដែរ អ្នកចូលរួមទាំងអស់ទទួលបាននូវការយល់ដឹងបន្ថែមលើប្រភេទនៃបច្ចេកវិទ្យាបៃតង ដែលកំពុងត្រូវបានប្រើប្រាស់នាពេលបច្ចុប្បន្ន វិសាលភាពនៃការប្រើប្រាស់ អត្ថប្រយោជន៍ ក៏ដូចជាផលប៉ះពាល់នានាដែលត្រូវយកចិត្តទុកដាក់។

ក្នុងនោះផងដែរ អិអូអិលស៊ី ក៏បានពង្រឹងកិច្ចសហការ និងធ្វើការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមផ្គត់ផ្គង់ទាំងពីររួមមាន ក្រុមហ៊ុន អេកូសាន់ និងក្រុមហ៊ុន អុី ជី អុី ក្នុងគោលបំណង ផ្តល់លទ្ធភាពដល់អតិថិជនក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់កម្ចីបៃតងដើម្បីគាំទ្រដល់ការទទួលបានការប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាបៃតងសម្រាប់លើកកម្ពស់ការបង្កបង្កើនផលដែលបង្កើនចំណូល និងកាត់បន្ថយចំណាយ។

លោក សុខ វឿន បានមានប្រសាសន៍ថា​ “ហិរញ្ញប្បទានដោយនិរន្តរភាពស្តីពីគម្រោងកម្ចីបៃតង ពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះគ្រប់ភាគីពាក់ព័ន្ធ ក្នុងការចូលរួមលើកកម្ពស់ ថែរក្សាការពារបរិស្ថាន និងសង្គម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាបៃតងដែលមិនប៉ះពាល់ដល់បរិស្ថាន និងសង្គម។ អិលអូអិលស៊ី សង្ឃឹមយ៉ាងមុតមាំថា កម្មវិធីជួបជុំក្រុមហ៊ុនផ្គត់ផ្គង់នៅថ្ងៃនេះនឹងផ្តល់ជាធាតុចូលសំខាន់ៗ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា និងបង្កើនបណ្តាញទីផ្សារកាន់តែទូលំទូលាយជាងមុន តាមរយៈការចាប់ដៃគូសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ដើម្បីផ្តល់លទ្ធភាពដល់អតិថិជនក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់កម្ចីបៃតង។ ”

គួរបញ្ជាក់ផងដែរថា​ អិលអូអិលស៊ី ក្រៅពីគម្រោងកម្ចីបៃតង អិលអូអិលស៊ី ក៏មានប្រភេទឥណទានជាច្រើនប្រភេទសម្រាប់ សកម្មភាពកសិកម្ម អាជីវកម្ម ទិញគ្រឿងចក្រកសិម្ម និងទិញសម្ភារៈប្រើប្រាស់ជាច្រើនមុខទៀតផងដែរដើម្បីបំពេញតម្រូវការរបស់អតិថិជន។​

Publish date: June 29, 2024