ថ្នាក់ដឹកនាំរបស់ អិលអូអិលស៊ី បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជន តាមរយៈការទទួលស្វាគមន៍ផ្ទាល់ នៅសាខាប្រាំពីរមករា

ភ្នំពេញថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤៖ នៅ អិលអូអិលស៊ី ការផ្តល់ជូនសេវាអតិថិជនដ៏ល្អ មិនមែនគ្រាន់តែជាកាតព្វកិច្ចរបស់បុគ្គលិកជួរមុខនោះទេ ប៉ុន្តែគឺជាការចូលរួមពីបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់របស់ អិលអូអិលស៊ី។ តួយ៉ាង លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ និងលោកស្រីឈាង កញ្ញា ប្រធាននាយិកាប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុ រួមជាមួយក្រុមការងារជាន់ខ្ពស់របស់ អិលអូអិលស៊ី បានអញ្ជើញទៅសាខាប្រាំពីរមករា រាជធានីភ្នំពេញ ដើម្បីទទួលស្វាគមន៍ និងជជែកសំណេះសំណាលផ្ទាល់ជាមួយអតិថិជន ដែលបានអញ្ជើញមកទទួលសេវាកម្មនៅ អិលអូអិលស៊ី។

កាយវិការដ៏ពិសេសនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់គណៈគ្រប់គ្រង អិលអូអិលស៊ី ក្នុងការបង្កើតទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយអតិថិជន និងធានាបានថាពួកគាត់ពេញចិត្តមកលើការប្រើប្រាស់សេវាកម្ម អិលអូអិលស៊ី។ សម្រាប់ អិលអូអិលស៊ី អតិថិជនម្នាក់ប្រៀបបានដូចជាសមាជិកគ្រួសារមួយ ហេតុដូចនេះទើបថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ តែងតែខិតខំប្រឹងប្រែងធ្វើការ ស្វែងយល់ពីតម្រូវការអតិថិជនបន្ថែមពីមួយថ្ងៃទៅមួយថ្ងៃ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបម្រើជូននូវសេវាកម្មដែលល្អបំផុតសម្រាប់អតិថិជន។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ មានប្រសាសន៍ថា “អតិថិជនរបស់ អិលអូអិលស៊ី គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលអាចឱ្យយើងទទួលបានភាពជោគជ័យមកទល់សព្វថ្ងៃនេះ ហើយការជួបសំណេះសំណាលនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់ថ្នាក់គ្រប់គ្រងបានស្តាប់ពីចំណាប់អារម្មណ៍ និងមតិយោបល់ដោយផ្ទាល់ពីអតិថិជន។”

អិលអូអិលស៊ី មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានទទួលស្វាគមន៍ និងជួបសំណេះសំណាលដោយផ្ទាល់ជាមួយអតិថិជន ជាពិសេសបានស្វែងយល់អំពីការវិវត្តនៃភាពរីកចម្រើនរបស់អតិថិជនតាមរយៈការប្រើប្រាស់សេវាហិរញ្ញវត្ថុបានចំគោលដៅ និងបំពេញតម្រូវការរបស់ពួកគាត់បានគ្រប់គ្រាន់ មិនថាទៅការពង្រីកអាជីវកម្ម ការបង្កើនប្រាក់សន្សំ ឬការប្រើប្រាស់សេវាធនាគារចល័ត LOLC Mobile ដើម្បីសម្រួលដល់ការគ្រប់គ្រងប្រាក់កាសប្រចាំថ្ងៃនោះទេ។  ជំនួបមួយនេះពិតជាសំខាន់សម្រាប់ អិលអូអិលស៊ី ផ្ទាល់ ពីព្រោះយើងមានឱកាសក្នុងទទួលបាននូវមតិយោបល់មកលើផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី ជារួមដើម្បីយកមកអភិវឌ្ឍ បំពេញបន្ថែមនូវរាល់សេវាកម្មរបស់យើងឱ្យកាន់តែប្រសើរឡើង។ 
អិលអូអិលស៊ី បេ្តជ្ញាចិត្តថានឹងបន្តខិតខំប្រឹងប្រែងក្នុងការពង្រឹងគុណភាពសេវាកម្ម និងបន្តយកចិត្តទុកដាក់ខ្ពស់ទៅកាន់អតិថិជន អិលអូអិលស៊ី ទាំងអស់។ យើងសង្ឃឹមថាអតិថិជននឹងនៅតែគាំទ្រ និងប្រើប្រាស់សេវាហិរញ្ញវត្ថុ របស់ អិលអូអិលស៊ី ជាបន្តទៀត៕







Publish date: December 10, 2024