ខេត្តព្រៃវែង ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤៖ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសបានអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ រៀបចំដោយធនាគារជាតិកម្ពុជា នៅបរិវេណសួនច្បារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ខេត្តព្រៃវែង។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម យឹម លាត អគ្គទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ននានា ក៏ដូចជាតំណាងវិស័យធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុឯកជនជាច្រើនផងដែរ ។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ប្រាក់រៀល ដែលជារូបិយបណ្ណជាតិ ធ្វើការស្វែងយល់បន្ថែមអំពីប្រវត្តិធនាគារជាតិ កម្ពុជា និងការវិវត្តន៍នៃប្រាក់រៀលអស់រយៈពេល ៤៤ឆ្នាំកន្លងមកនេះ ក៏ដូចជាផ្សព្វផ្សាយបន្ថែមអំពីចំណេះដឹងហិរញ្ញវត្ថុ ប្រព័ន្ធបាគង ដល់សារធារណជនឱ្យកាន់តែជ្រាបច្បាស់បន្ថែមទៀត។ ប្រព័ន្ធទូទាត់បាគង ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ សម្រាប់ធ្វើប្រតិបត្តិការឌីជីថលផ្សេងៗ ដូចជាទូទាត់ និងផ្ទេរប្រាក់បានយ៉ាងឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ទាំងក្នុងប្រទេស និងនៅប្រទេសជាដៃគូ រួមមានប្រទេសថៃ វៀតណាម និងឡាវ ជាដើម។
លើសពីនេះទៅទៀត ពុកម៉ែបងប្អូនអាចអញ្ជើញចូលរួមទស្សនាការតាំងពិព័រណ៍ប្រាក់រៀលនេះបានដោយសេរី ជាមួយកម្មវិធីពិសេសៗជាច្រើនដូចជា យុទ្ធនាការណ៍ស្រលាញ់ប្រាក់រៀល ការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក ទទួលបានចំណេះដឹងហិរញ្ញវត្ថុ និងប្រព័ន្ធបាគងបន្ថែម លេងល្បែងល្បងប្រាជ្ញាអេឡិចត្រូនិចទាក់ទងនិងសេដ្ឋកិច្ច និងប្រាក់រៀល ឆ្លើយសំណួរល្បងប្រាជ្ញាដើម្បីឈ្នះរង្វាន់ និងទស្សនាតន្រ្តីកម្សាន្តដែលចូលរួមដោយ កញ្ញា មាស សុខសោភា លោក ម៉ម ពេជ្ជរិទ្ធ និង Rolin Miss PhotoCity ផងដែរ។
គួរបញ្ជាក់ផងដែរថា អិលអូអិលស៊ី ក៏បានធ្វើការដាក់បង្ហាញស្តង់ផលិតផលនៅទីនោះផ្ទាល់ ដើម្បីបង្កភាពងាយស្រួលដល់ពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍ និងចង់សាកសួរព័ត៌មានលម្អិតអំពីផលិតផលណាមួយរបស់ អិលអូអិលស៊ី ក៏ដូចជាការលេងហ្គេមកម្សាន្តសប្បាយៗ ដែលអាចមានឱកាសទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើនដូចជា ឆ័ត្រ កែវ និងប៊ិច ជាដើម។ វត្តមានចូលរួមរបស់លោកអ្នក ជាចំណែកមួយក្នុងការលើកទឹកចិត្ត និងគាំទ្រដល់ប្រាក់រៀល ដែលជារូបិយប័ណ្ណតំណាងប្រទេសកម្ពុជារបស់យើង។
Publish date: July 30, 2024