យុវជនខ្មែរពិតជាមានការយល់ដឹងច្រើន អំពីសារៈសំខាន់នៃការចាយវាយប្រាក់រៀល! កម្មវិធីប្រកួតផលិតវីដេអូខ្លី លើកកម្ពស់ និងផ្សព្វផ្សាយអំពីប្រាក់រៀល រៀបចំឡើងដោយ អិលអូអិលស៊ី បានបញ្ចប់ដោយជោគជ័យដោយមានការចូលរួមប្រកួតយ៉ាងកុះករ និងឈានដល់ការរកឃើញម្ចាស់ជ័យលាភី០៣ក្រុម!

ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងលើកស្ទួយការប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀលខ្មែរ ដែលជាផ្នែកសំខាន់មួយនៃកំណើនសេដ្ឋកិច្ចជាតិ និងបង្ហាញពីអត្តសញ្ញាណជាតិ ឯករាជ្យភាព និងមោទនភាពជាតិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានរៀបចំកម្មវីធីប្រកួតផលិតវីដេអូខ្លីមួយ ក្រោមប្រធានបទ “លុយរៀល លុយជាតិ”។

តាមរយៈការដាក់ឱ្យសាធារណជនបានចូលរួមដោយសេរីក្នុងកម្មវិធីប្រកួតនេះ បានផ្តល់ឱកាសដល់យុវជន យុវនារីដែលចាប់អារម្មណ៍ក្នុងការបង្កើតមាតិកា និងផលិតវីដេអូបានបញ្ចេញស្នាដៃពួកគេតាមរយៈការស្រាវជ្រាវ តែងនិពន្ធសាច់រឿង និងផលិតវីដេអូ ដែលបង្ហាញពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀលក្នុងជីវិតប្រចាំថ្ងៃ លើកកម្ពស់សេដ្ឋកិច្ចជាតិ កាត់បន្ថយការពឹងផ្អែកលើរូបិយប័ណ្ណបរទេស និងការរក្សាឯករាជ្យភាពហិរញ្ញវត្ថុ។

ក្រោយទទួលបានការចូលរួមយ៉ាងកុះករ និងធ្វើការវាយតម្លៃយ៉ាងល្អិតល្អន់ទៅតាមលក្ខន្តិកៈដែលបានកំណត់ទៅលើវីដេអូរបស់បេក្ខជនជាច្រើនដែលបានដាក់បញ្ចូនមក ជាលទ្ធផល អិលអូអិលស៊ី បានរកឃើញម្ចាស់ជ័យលាភីចំនួន០៣ក្រុមដែលមានស្នាដៃផលិតវីដេអូបានល្អជាងគេ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ថ្មីៗនេះ អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រគល់រង្វាន់ ជួបសំណេះសំណាល និងថតរូបអនុស្សាវរីយ៍ ជាមួយម្ចាស់ជ័យលាភីទាំង ៣ក្រុម នៅការិយាល័យកណ្តាល អិលអូអិលស៊ី។

អិលអូអិលស៊ី ពិតជាមានមោទកភាពយ៉ាងក្រៃលែងក្នុងការបង្កើតកម្មវិធីប្រកួតមួយនេះ។ ក្រោយពីបានទស្សនាស្នាដៃវីដេអូរបស់បេក្ខជនគ្រប់គ្នាដែលដាក់បញ្ជូនមកចូលរួមប្រកួត យើងសង្កេតឃើញថាស្នាដៃរបស់បេក្ខជនសុទ្ធសឹងតែមានគុណភាព មានអត្ថន័យល្អ និងពោរពេញដោយភាពច្នៃប្រឌិត។ ហើយលើសពីនេះទៅទៀតខ្លឹមសារវីដេអូរបស់បេក្ខជនបានបង្ហាញអំពីការយល់ដឹងច្រើនទៅលើសារៈសំខាន់នៃការចាយវាយប្រាក់រៀលសម្រាប់ប្រទេសកម្ពុជា ការប្រើប្រាស់ប្រាក់រៀលតាមរយៈប្រព័ន្ធឌីជីថលប្រចាំថ្ងៃ ការវិវត្តនៃប្រាក់រៀល ក៏ដូចជាការយល់ដឹងពីតួនាទីរបស់យុវជនក្នុងការលើកកម្ពស់ប្រាក់រៀលជាដើម។

អិលអូអិលស៊ី ប្តេជ្ញាបន្តលើកស្ទួយប្រាក់រៀលខ្មែរ ឱ្យមានសកម្មភាពសកម្មថែមទៀត តាមរយៈការផ្សព្វផ្សាយ និងបង្កើតយុទ្ធនាការដើម្បីឱ្យសាធារណជនចូលរួមលើកកម្ពស់ប្រាក់រៀល ក៏ដូចជាការបន្តផ្តល់ផលិតផលឥណទានជាប្រាក់រៀលជូនអតិថិជនជាមួយអត្រាការប្រាក់ទាបសមរម្យ ផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់សម្រាប់គណនីបញ្ញើជាប្រាក់រៀល និងពង្រឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុដែលធានាបានភាពរីកចម្រើនខ្ពស់ តាមរយៈការជំរុញការប្រើប្រាស់ប្រព័ន្ធទូទាត់ និងឧបករណ៍គោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា ដូចជាប្រព័ន្ធបាគងជាដើម។






Publish date: March 17, 2025