ទាំងអស់គ្នាដើម្បីការអប់រំកាន់តែប្រសើរ៖ អិលអូអិលស៊ី លើកកម្ពស់ការអប់រំតាមរយៈការចែកសម្ភារសិក្សាដល់សិស្សានុសិស្សក្រីក្រ ស្ថិតក្នុងតំបន់ដាច់ស្រយាល នៅខេត្តរតនៈគិរី

ខេត្តរតនៈគិរី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានចូលរួមសកម្មភាពសង្គមដ៏ពិសេសមួយតាមរយៈការរៀបចំកម្មវិធីផ្តល់ជូនសម្ភារសិក្សាមានដូចជា កាតាបសរុបចំនួន ៣.៤០០ និងសៀវភៅសរុបចំនួន ៣៤.០០០ក្បាល ដល់ប្អូនៗសិស្សានុសិស្សសរុបចំនួន ៣.៤០០នាក់នៅ សាលារៀនចំនួន ២០ រួមមានសាលាបឋមសិក្សាឡុំ សាលាបឋមសិក្សាប៉ក់តូច សាលាបឋមសិក្សាប៉ក់ធំ សាលាបឋមសិក្សាកាតែ សាលាបឋមសិក្សាគងយុគ សាលាបឋមសិក្សាពាក់ សាលាបឋមសិក្សាគងធំ សាលាបឋមសិក្សាឡុំកម សាលាបឋមសិក្សាសោមគល់ សាលាបឋមសិក្សាក្រេះ សាលាបឋមសម្តេចឪម៉ែយាក់ប៉ូយ សាលាបឋមសិក្សាសោមត្រកថ្មី សាលាបឋមសិក្សាប៉ាដល សាលាបឋមសិក្សាសោមធំ(សោមកានីញ) សាលាបឋមសិក្សាប៉ក់ប៉ូ សាលារៀនបឋមសិក្សាឯកភាព សាលាបឋមសិក្សាក្រឡា សាលាបឋមសិក្សាតងណងឡិៈ សាលាបឋមសិក្សាកាំ និងសាលាបឋមសិក្សាល្អឺនក្រែន ក្នុងខេត្តរតនៈគិរី។ កម្មវិធីនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការតាំងចិត្តខ្ពស់របស់ អិលអូអិលស៊ី ក្នុងការចូលរួមគាំទ្រវិស័យអប់រំ ក៏ដូចជាការគាំទ្រដល់សហគមន៍ជារួមផងដែរ។

កម្មវីធីនេះវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពីលោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី រួមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់ និងក្រុមការងារ អិលអូអិលស៊ី ជាច្រើនរូប ក្នុងគោលបំណងឧបត្ថម្ភជាសម្ភារសិក្សាចាំបាច់បន្ថែមដល់ប្អូនៗសិស្សានុសិស្ស និងជម្រុញទឹកចិត្តពួកគាត់ឱ្យខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីបានសម្រេចក្តីស្រមៃនាពេលអនាគត។ 

ឆ្លៀតក្នុងឱកាសនេះ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី បានមានប្រសាសន៍ថា “ការអប់រំគឺជាសសរស្តម្ភនៃការអភិវឌ្ឍ និងជាគ្រឹះទៅកាន់អានាគតដ៏ភ្លឺស្វាង ហើយ អិលអូអិលស៊ីយល់ឃើញថាក្មួយៗទាំងអស់នៅទីនេះសុទ្ធសឹងតែជាទំពាំងស្នងឬស្សីដែលនឹងក្លាយខ្លួនជាសរសរទ្រូងដ៏រឹងមាំដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិយើងនាពេលអនាគត ហើយការសិក្សាររបស់ក្មួយៗនៅគ្រប់កម្រិតសក្តិសមនឹងទទួលបានការយកចិត្តទុកដាក់ខ្ពស់។

លោកបានបន្តទៀតថា កម្មវិធីនេះជាផ្នែកមួយនៃការចូលរួមសកម្មភាពសង្គមដែល អិលអូអិលស៊ី តែងតែយកចិត្ត កន្លងមក តាមរយៈការផ្តល់ជាសម្ភារសិក្សាដល់សាលារៀន ជាពិសេសសាលារៀននៅជនបទ ផ្តល់ជាមធ្យោបាយធ្វើដំណើរដល់សិស្សានុសិស្សក្រីក្រ និងឧបត្ថម្ភជាសម្ភារចាំបាច់នានាដល់សាលារៀនដើម្បីលើកស្ទួយសុខុមាលភាពរបស់សិស្សានុសិស្ស ដែលបានធ្វើជាបន្តបន្ទាប់រហូតមកក្នុងការលើកកម្ពស់ការសិក្សាអប់រំ។ អិលអូអិលស៊ី នៅតែបន្តគោលជំហរគាំទ្រដល់វិស័យអប់រំ តួយ៉ាងនៅថ្ងៃនេះ អិលអូអិលស៊ី ក៏បានរៀបចំកម្មវិធីនេះឡើង ដើម្បីផ្តល់ជូនសម្ភារសិក្សាមួយចំនួនដូចជា កាតាប និងសៀវភៅកត់ត្រាដល់ប្អូនៗសិស្សានុសិស្ស។ កាតាប និងសៀវភៅទាំងនេះហាក់ដូចជាសម្ភារសាមញ្ញ ប៉ុន្តែវាដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយឱ្យពួកគាត់មានសម្ភារសិក្សាបន្ថែមគ្រប់គ្រាន់ និងជម្រុញទឹកចិត្តពួកគាត់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ សម្រេចក្តីសុបិន្តរបស់ខ្លួន។ 

ក្នុងឱកាសនោះផងដែរ លោកនាយកសាលាបឋមសិក្សាឡុំ បានលើកឡើងថា “ខេត្តរតនៈគិរីជាខេត្តដែលមានទីតាំងនៅឆ្ងាយ និងមានសាលាបឋមសិក្សាជាច្រើនដែលស្ថិតនៅតំបន់ដាច់ស្រយាល ដូច្នេះហើយ ទើបសិស្សានុសិស្សនៅមានភាពខ្វះខាតច្រើនទៅលើសម្ភារសិក្សាក្នុងការប្រើប្រាស់សិក្សារៀនសូត្រ។ ក្នុងនាមខ្ញុំជានាយកសាលាមួយរូប ខ្ញុំពិតជាមានអារម្មណ៍រំភើបរីករាយក្រៃលែងដែល អិលអូអិលស៊ី បានមើលឃើញពីភាពខ្វះខាតមួយនេះ និងបានរៀបចំកម្មវិធីមួយនេះឡើងសម្រាប់សាលាបឋមសិក្សាឡុំផ្ទាល់ ជាពិសេសសាលាបឋមសិក្សានៅតំបន់ដាច់ស្រយាលជាច្រើនផ្សេងទៀតក្នុងខេត្តរតនៈគិរី។ កម្មវិធីនេះពិតជាបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ អិលអូអិលស៊ី ក្នុងការចូលរួមក្នុងសង្គម ជាពិសេសលើកកម្ពស់វិស័យអប់រំ តាមរយៈការចែកជូនជាសម្ភារសិក្សាដែលចាំបាច់មួយចំនួនដល់ប្អូនៗសិស្សានុសិស្ស សម្រាប់ពួកគាត់ប្រើប្រាស់ក្នុងការរៀនសូត្រប្រចាំថ្ងៃ។ ជំនួសមុខឱ្យសាលារបស់យើង លោកគ្រូអ្នកគ្រូ មាតាបិតា សិស្សានុសិស្ស ក៏ដូចជាសហគមន៍ទាំងមូល យើងសូមថ្លែងអំណរគុណដល់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ប្រធាននាយកប្រតិបត្តិ រួមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់ និងក្រុមការងារ អិលអូអិលស៊ី ទាំងអស់ ដែលបានរៀបចំកម្មវិធីដ៏ពិសេសមួយនេះឡើង។ 

ព្រឹត្តិការណ៍មួយនេះបានបញ្ចប់ទៅដោយរលូនជាមួយទឹកមុខប្រកបដោយស្នាមញញឹមសប្បាយរីករាយរបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក្រុមការងារ អិលអូអិលស៊ី និងប្រជាពលរដ្ឋក្នុងសហគមន៍ទាំងមូល។ គួរបញ្ជាក់ផងថា អិលអូអិលស៊ី នឹងនៅតែបន្តសកម្មភាពមនុស្សធម៌នេះជាបន្តបន្ទាប់ ដោយយើងបានត្រៀមសម្ភារសិក្សាដូចជាកាតាប និងសៀវភៅជាង ៧.០០០ ឈុតបន្ថែមទៀតសម្រាប់ចែកជូនសិស្សានុសិស្សក្នុងពេលឆាប់ៗខាងមុខនេះ។ 
អិលអូអិលស៊ី ពិតជាមានមោទកភាពក្នុងការរួមចំណែកដល់ការផ្លាស់ប្តូរ និងផ្តល់លទ្ធផលវិជ្ជមានយូរអង្វែងទៅកាន់សហគមន៍។ អិលអូអិលស៊ី ប្រកាន់ភ្ជាប់នូវការប្តេជ្ញាចិត្តក្នុងការបន្តសម្មភាពសង្គមដូចជា ការគាំទ្រវិស័យអប់រំ សុខុមាលភាព និងពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ នៅតាមសហគមន៍ផងដែរ។

















Publish date: December 27, 2024