Promotions
ប្រូម៉ូសិន
រាជធានីភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤៖ អិលអូអិលស៊ី សហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផលិតខិតប័ណ្ណផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀនដើម្បីត្រៀមចែកជូនបងប្អូនប្រជាពលរដ្ឋដែលនឹងធ្វើដំណើរទៅកាន់ស្រុកកំណើតតាមរយៈរថយន្តក្រុងសាធារណៈដើម្បីជួបជុំបងប្អូនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខែ្មរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។
ពិធីប្រគល់នេះបានធ្វើឡើងនៅការិយាល័យកណ្តាលរបស់ អិលអូអិលស៊ី ដោយលោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី និងឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលក្នុងនោះរួមមានខិត្តប័ណ្ណព័ត៌មានផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនចំនួន ៨០.០០០ សន្លឹក និងសម្ភារផ្សព្វផ្សាយមួយចំនួនផ្សេងទៀតដូចជា បដាក្រណាត់ចងតាមផ្លូវចំនួន ១០ផ្ទាំង និងស្ទីគ័របិទឡានក្រុងចំនួន ៦០០សន្លឹក។
លោក សុខ វឿន បានថ្លែងថា «ការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងាររួមរបស់យើងទាំងអស់គ្នា ដោយមិនអាចចាត់ទុកជាការងារផ្តាច់មុខរបស់នរណាម្នាក់ឬក្រុមណាមួយឡើយ ការដោះស្រាយគឺត្រូវផ្តើមពីយើងទាំងអស់គ្នា ការលុបបំបាត់គ្រឿងញៀនជាបញ្ហារួមចម្បងដែលយើងគ្រប់គ្នាត្រូវចូលរួមដោះស្រាយ ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងនាំមហន្តរាយដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ»។
លោកបានសំណូមពរ ឱ្យអ្នកពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋគ្រប់រូបរួមសហការគ្នា ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀនដែលនាំឱ្យបំផ្លាញសហគមន៍។ លោកបានបន្ថែមទៀតថា អិលអូអិលស៊ី នឹងបន្តគាំទ្រដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងពេញទំហឹងដើម្បីចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងថា អិលអូអិលស៊ី គឺជាដៃគូសហការដ៏ល្អ ដែលតែងតែគាំទ្រដល់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលើការងារផ្សព្វផ្សាយអប់រំប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានជួយការងារសង្គមនានាមានដូចជាការផ្តល់នូវអណ្តូងទឹកស្អាត កន្លែងលាងដៃ តាមសាលារៀន ការប្រយុទ្ធប្រឆាំងការរីករាលជំងឺរាតត្បាតកូវីដ-១៩ ចរាចរណ៍ និងជួយដល់សកម្មភាពសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ជាដើម។ ល។
លោកបានបន្ថែមថា ការចូលរួមអនុវត្តនូវយុទ្ធសាស្រ្តពហុវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺត្រូវការចូលរួមជាចាំបាច់ពីគ្រប់វិស័យ ជាពិសេសពីវិស័យឯកជន ដូចដែលអិលអូអិលស៊ី ដែលបាននឹងកំពុងបន្តធ្វើទាំងពេលនេះ និងពេលអនាគត សំដៅធានាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋគ្រប់រូប គ្មានគ្រឿងញៀន គ្មានហិង្សា គ្មានឧក្រិដ្ឋកម្ម។
សូមបញ្ជាក់ថា នេះជាលើកទី១០ហើយដែល អិលអូអិលស៊ី បានសហការជាមួយអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងការផ្តល់ជូននូវខិត្តបណ្ណព័ត៌មានផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ អិលអូអិលស៊ី ក្នុងការបន្តចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។
Publish date: April 08, 2024
LOLC (Cambodia) Plc. has been serving Cambodian public and society for over 30 years, and has been recognized by both local and international financial authorities. Our products and services are committed to improving the livelihood of Cambodian customers.
#666B, Street 271, Kbal Tumnub Muoy Village, Sangkat Boeng Tumpun 2, Khan Mean Chey, Phnom Penh, Cambodia.
023 991 991 [email protected] Information Security |
©Copyrght 2024 LOLC (Cambodia) Plc , All Rights Reserved