ភាពជោគជ័យរបស់អតិថិជន

    បងប្រុស សំ សុគុយ មានអាយុ ៤៥ឆ្នាំ មានមុខរបរជាជាងជួសជុលម៉ូតូឡាន

    បងប្រុស សំ សុគុយ មានអាយុ ៤៥ឆ្នាំ មានមុខរបរជាជាងជួសជុលម៉ូតូឡាន និងភរិយា មានមុខរបរជាជាងកាត់ដេរ ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិឆ្នាល់មាន់ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ បងប្រុស សុគុយ បានរៀបរាប់ថា បងប្រុស និងភរិយាបានចាប់ផ្ដើមមុខរបរនេះអស់រយៈពេល ៤ឆ្នាំមកហើយ ក៏ប៉ុន្តែអាជីវកម្មរបស់ពួកគាត់មិនសូវរីកចម្រើនប៉ុន្មាននោះទេ ព្រោះមិនមានដើមទុនគ្រប់គ្រាន់ដើម្បីពង្រីកលើមុខរបរជាជាងជួសជុលម៉ូតូ រថយន្ត និងមុខរបរជាជាងកាត់ដេររបស់ពួកគាត់។ បងប្រុស សុគុយ បានបន្ថែមថា បន្ទាប់ពីបានស្គាល់ អិលអូអិលស៊ី តាមការណែនាំពីបងប្អូន គាត់ក៏បានពិភាក្សាជាមួយភរិយាហើយបានសម្រេចចិត្តស្នើសុំប្រាក់កម្ចីលើកទី១ នៅក្នុងឆ្នាំ២០២១ ដើម្បីទិញក្រណាត់ និងគ្រឿងបន្លាស់សម្រាប់ជុសជុលម៉ូតូ និងរថយន្តបន្ថែមដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជនពួកគាត់។ ជាលទ្ធផលមុខរបរទាំងពីររបស់ពួកគាត់ត្រូវបានអតិថិជនគាំទ្រ ហើយទទួលបានអតិថិជនច្រើនជាងមុន។ ទាំងនេះជាមូលហេតុដែលធ្វើឱ្យបងប្រុស សុគុយ ស្នើសុំប្រាក់កម្ចីលើកទី២ នៅចុងឆ្នាំ២០២២ ដើម្បីទិញម៉ាស៊ីនដេរបន្ថែម។ បច្ចុប្បន្ននេះ មុខរបររបស់ពួកគាត់ទាំងពីរមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ព្រោះមានក្រណាត់ និងសម្ភារគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការជូនអតិថិជន និងគ្រឿងបន្លាស់គ្រប់ប្រភេទសម្រាប់ជុសជុលម៉ូតូ និងរថយន្តគ្រប់ធុន ដែលអាចធ្វើឱ្យចំណូលពួកគាត់កើនឡើង និងធ្វើឱ្យជីវភាពរស់នៅរបស់គ្រួសារគាត់ល្អប្រសើរជាងមុន។ នេះជាពាក្យសម្ដីផ្ទាល់របស់ បងប្រុស សុគុយ “ប្រាក់កម្ចីពី អិលអូអិលស៊ី ពិតជាបានធ្វើឱ្យជីវភាពគ្រួសារខ្ញុំរីកចម្រើន ហើយខ្ញុំជឿជាក់ថាខ្ញុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់កូនៗទាំង៤ របស់ខ្ញុំឱ្យរៀនសូត្របានខ្ពង់ខ្ពស់”។
    អ្នកមីង នុន វណ្ណឌី

    អ្នកមីង វណ្ណឌី មានអាយុ ៥២ឆ្នាំ និងមានអាសយដ្ឋាននៅភូមិជ្រៃពីរ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ អ្នកមីងមានកូនចំនួន ០២នាក់ អ្នកមីងប្រកបមុខរបរជាអ្នកលក់ចាប់ហួយ លក់បាយ និងធ្វើកសិកម្ម (ធ្វើស្រែ) ដែលការប្រកបរបរនេះគឺអ្នកមីងបានធ្វើអស់រយៈពេល៣០ឆ្នាំ មកហើយគិតត្រឹមពេលបច្ចុប្បន្ននេះ។ ជាមួយទឹកមុខប្រកបដោយស្នាមញញឹម អ្នកមីងវណ្ណឌីបានឱ្យដឹងថា នៅមុនពេលទទួលបានប្រាក់កម្ចីពី អិលអូអិលស៊ី អ្នកមីងពុំមានដើមទុនគ្រប់គ្រាន់ដើម្បីពង្រីកមុខរបរបន្ថែមដែលមានស្រាប់នោះទេ បើទោះបីជាដឹងថាទីផ្សារកំពុងមានតម្រូវការខ្ពស់ដ៏ដោយ។ ជាលទ្ធផលអ្នកមីងបានសម្រេចចិត្តខ្ចីប្រាក់ពី អិលអូអិលស៊ី ដើម្បីបំពេញតម្រូវការ និងចាប់យកឱកាសពង្រីកអាជីវកម្ម។ អ្នកមីងទទួលកម្ចីលើកដំបូងពី អិលអូអិលស៊ី ក្នុងឆ្នាំ២០១៨ និងបន្តសម្រេចចិត្តទទួលកម្ចីលើកទី២ ទី៣ និងទី៤ ដើម្បីពង្រីកមុខរបរដូចមានរៀបរាប់ខាងលើជាបន្តបន្ទាប់។ តាមរយៈការរីកលូតលាស់ធំជាងមុនរបស់អាជីវកម្មពីមួយពេលទៅមួយពេល អ្នកមីងវណ្ណឌីអាចទទួលបានចំណូលធូរធារជាងមុនសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ទ្រទ្រង់ការសិក្សារបស់កូន ហើយក៏បានធ្វើការកែលម្អផ្ទះសម្បែងបានល្អប្រសើរជាងមុនផងដែរ។ អ្នកមីង វណ្ណឌី បានលើកឡើងថា ពេលយើងខ្ចីប្រាក់គេយកមករកស៊ី យើងត្រូវចំណាយការប្រាក់ខ្លះក៏ពិតមែន ប៉ុន្តែបើយើងរង់ចាំមានប្រាក់គ្រប់វាក៏នឹងត្រូវការពេលវេលារង់ចាំ ហើយក៏អាចបាត់បង់ឱកាសល្អផងដែរសម្រាប់មុខរបរមួយចំនួន។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងត្រូវមានផែនការនិងការតាំងចិត្តច្បាស់លាស់ខ្លួនឯងថាប្រាក់ដែលយើងយកមកគឺប្រើប្រាស់ដើម្បីប្រកបរបររកស៊ី ដែលអាចផ្តល់ចំណូលដល់យើងច្រើនជាងការចំណាយលើការសងត្រលប់ប្រាក់កម្ចី។ អ្នកមីងបានបន្ថែមទៀតថា “ខ្ញុំពិតជាអរគុណជាខ្លាំងដល់ អិលអូអិលស៊ី ដែលបានផ្តល់នូវប្រភពទុនដ៏ល្អប្រសើរគាំទ្រមុខរបររបស់ខ្ញុំឱ្យទទួលបាននូវភាពរីកចម្រើនដូចសព្វថ្ងៃនេះ”៕
    លោកពូ អៀវ អ៉ីម បានប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី ដើម្បីធ្វើចម្ការបន្ថែមលើរបរលក់ចាប់ហួយរបស់គាត់

    លោកពូ អៀវ អ៉ីម អាយុ៤៤ឆ្នាំ និងភរិយា រស់នៅភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគីរី។ លោកពូ និងភរិយាមានមុខរបរជាអ្នកលក់ដូរអីវ៉ាន់ចាប់ហួយ និងបានប្រកបរបរនេះអស់រយៈពេលប្រាំបួនឆ្នាំមកហើយ។ ក្រៅពី របរលក់ចាប់ហួយ គាត់ក៏ជាអ្នកធ្វើចម្ការដាំដំឡូងមី និងស្វាយចន្ទីផងដែរ។ លោកពូ អៀវ អ៊ីម និងភរិយា មានកូនចំនួនពីរនាក់ កូនទីមួយជាអ្នកប្រកបរបរបិទស្គុតម៉ូតូ និងកូនទីពីរ កំពុងសិក្សាថ្នាក់អនុវិទ្យាល័យ។ លោកពូ អៀវ អ៉ីម បានលើកឡើងថាគាត់បានស្គាល់ អិលអូអិលស៊ី តាមរយៈអ្នកជិតខាង និងមានការចាប់អារម្មណ៍មួយចំនួនអំពីការចែករំលែកព័ត៌មាននៅពេលនោះ។ ក្រោយមក នៅពេលមន្រ្តីលក់សេវាហិរញ្ញវត្ថុរបស់ អិលអូអិលស៊ី បានចុះមកផ្សព្វផ្សាយតាមភូមិ លោកពូក៏បានសាកសួរព័ត៌មានបន្ថែម និងបានយល់កាន់ច្បាស់ពីផលិតផលកម្ចី ហើយក៏បានសម្រេចចិត្តដាក់ពាក្យស្នើសុំខ្ចីប្រាក់ពី អិលអូអិលស៊ី។ គិតត្រឹមពេលបច្ចុប្បន្ននេះលោកពូ ធ្លាប់បានស្នើកម្ចីនៅ អិលអូអិលស៊ី រហូតដល់ទៅបីវគ្គជាប់ៗគ្នារួចមកហើយ ដែលវគ្គទីមួយ ទីពីរ និងទីបី ក្នុងគោលបំណងតែមួយនោះគឺដើម្បីពង្រីកការដាំដុះ ដោយការទិញដីចម្ការបន្ថែម ដើម្បីដាំដំណាំស្វាយចន្ទី និងដំឡូងមី បន្ថែមលើមុខរបរលក់ចាប់ហួយដែលមានស្រាប់។ បន្ទាប់ពីពង្រីកការដាំដុះនូវចម្ការដំណាំស្វាយចន្ទី និងដំឡូងមី ឱ្យមានវិសាលភាពធំជាងមុនមក ទិន្នផលក្រោយប្រមូលផលពីដំណាំរបស់ លោកពូ អៀវ អ៉ីម មានការកើនឡើងខ្លាំង ហើយដំណាំរបស់គាត់បានបន្តលក់ឱ្យឈ្មួញកណ្តាលដែលមកប្រមូលទិញដល់ចំការតែម្តងផងដែរ។ មកដល់ពេលនេះ គ្រួសាររបស់លោកពូមានជីវភាពល្អប្រសើរជាងមុន ព្រោះចំណូលពីការលក់ទិន្នផលដំណាំរបស់គាត់បានកើនឡើងទ្វេដង។ លោកពូ អៀវ អ៉ីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អិលអូអិលស៊ី ដែលយកចិត្តទុកដាក់ចំពោះអតិថិជនជាពិសេសរូបគាត់ផ្ទាល់ ដោយទទួលបានការប្រឹក្សាយោបល់ពីវិធីសាស្រ្តក្នុងការពង្រឹង និងពង្រីកអាជីវកម្មឱ្យរីកចម្រើនប្រកបដោយនិរន្តរភាព។
    បងស្រី ថន សុភាវណ្ណ ជាម្ចាស់ហាងកាហ្វេខ្នាតតូចមួយ

    បងស្រី សុភាវណ្ណ បានរៀបរាប់ពីការផ្លាស់ប្តូរជីវិតគ្រួសាររបស់គាត់ ចាប់តាំងពីបានប្រើប្រាស់ប្រាក់កម្ចីពីអិលអូអិលស៊ី ក្នុងឆ្នាំ ២០១៦ ថា “អរគុណកម្ចី អិលអូអិលស៊ី អាចឳ្យខ្ញុំមានដើមទុនគ្រប់គ្រាន់សម្រាប់ចាប់ផ្តើមអាជីវកម្មថ្មី ហើយមានប្រាក់គ្រប់គ្រាន់សម្រាប់កូនប្រុសខ្ញុំអាចទៅរៀនជាទៀងទាត់”។ សុភាវណ្ណ មានអាសយដ្ឋាននៅភូមិវត្តកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង គាត់ប្រកបមុខរបរកសិកម្មដើម្បីចិញ្ចឹមគ្រួសាររបស់គាត់ មុនពេលស្គាល់អិលអូអិលស៊ី ។ សុភាវណ្ណ អាយុ៣៧ ឆ្នាំ និយាយថា “កាលពីមុន ខ្ញុំមិនអាចផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំបានល្អទេ ដោយសារខ្ញុំអាចរកចំណូលបានត្រឹមតែ ២០០ដុល្លារក្នុងមួយខែ ពីការធ្វើស្រែចម្ការរបស់យើង។ ដោយចង់ចាកចេញពីភាពលំបាកនោះ សុភាវណ្ណ និង ស្វាមីគាត់ ចាន់ វុត្ថា បានសម្រេចចិត្ត ស្នើសុំកម្ចីក្រុមចំនួន ៣៧៥ដុល្លារ ពីអិលអូអិលស៊ី ដើម្បី ទិញរបស់របរ និងសម្ភារផ្សេងៗដើម្បីបង្កើតហាងកាហ្វេតូចមួយ។ ថ្វីត្បិតតែវាមិនធំដុំ ប៉ុន្តែមុខរបរនេះគឺជាចំណុចរបត់សម្រាប់ជីវិតរបស់ពួកគាត់ឳ្យកាន់តែប្រសើរឡើង។ បន្ទាប់មកគាត់បានស្នើសុំកម្ចីក្រុមលើកទីពីរចំនួន ៥០០ដុល្លារក្នុងឆ្នាំ២០១៧ កម្ចីក្រុមលើកទីបីចំនួន ២០០០ដុល្លារក្នុងឆ្នាំ២០២២ ដើម្បីទិញរបស់របរបន្ថែមសម្រាប់ផ្គត់ផ្គង់ហាងកាហ្វេរបស់គាត់ និងលក់អាហារបន្ថែមផ្សេងៗទៀត។ “ជាមធ្យមខ្ញុំអាចរកចំណូលបានប្រហែល ៥០០ដុល្លារក្នុងមួយខែ ហើយខ្ញុំសប្បាយចិត្តណាស់ និងជឿជាក់យ៉ាងមុតមាំថា ប្រាក់កម្ចីពីអិលអូអិលស៊ី ពិតជាធ្វើអោយជីវិតគ្រួសារខ្ញុំប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ“ នេះជាការលើកឡើងបន្ថែមរបស់បងស្រីសុភាវណ្ណ។
    លោកពូ ឡាយ មានអាយុ ៣៧ឆ្នាំ និងភរិយា គាំង ផាន់នី មានអាយុ ៣៦ឆ្នាំ មានមុខរបរជា អ្នកលក់ជីកសិកម្ម អីវ៉ាន់ចាប់ហួយ និងជាភ្នាក់ងារផ្ទេរប្រាក់រហ័ស (ទ្រូម៉ាន់នី និងអ៊ីម៉ាន់នី)

    លោកពូ ឡាយ មានអាយុ ៣៧ឆ្នាំ និងភរិយា គាំង ផាន់នី មានអាយុ ៣៦ឆ្នាំ មានមុខរបរជា អ្នកលក់ជីកសិកម្ម អីវ៉ាន់ចាប់ហួយ និងជាភ្នាក់ងារផ្ទេរប្រាក់រហ័ស (ទ្រូម៉ាន់នី និងអ៊ីម៉ាន់នី) ដែលស្ថិតនៅភូមិដូនមាស៣ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ លោកពូ ឡាយ មានកូនប្រុសចំនួន ០៣នាក់នៅក្នុងបន្ទុក ដែលកូនប្រុសទី១មានអាយុ១១ឆ្នាំ កំពុងសិក្សានៅថ្នាក់ទី៤ កូនប្រុសទី២ អាយុ៨ឆ្នាំ កំពុងសិក្សានៅថ្នាក់ទី២ និងកូនប្រុសពៅមានអាយុ៤ឆ្នាំ កំពុងសិក្សានៅថ្នាក់មត្តេយ្យ។ លោកពូ ឡាយ បានប្រាប់មកកាន់មន្ត្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុថា មុនពេលក្លាយជាអតិថិជនរបស់ អិលអូអិលស៊ី ជីវភាពគ្រួសាររបស់គាត់មិនល្អប្រសើរនោះទេ ដោយសារតែចំណូលដែលគាត់ទទួលបានគឺសម្រាប់តែចំណាយទៅលើការផ្គត់ផ្គង់ក្នុងគ្រួសារតែប៉ុណ្ណោះ មិនមានសេសសល់ច្រើនសម្រាប់ប្រើប្រាស់ធ្វើអ្វីផ្សេង ឬសន្សំទុកសម្រាប់ថ្ងៃអនាគតឡើយ ដោយសារអាជីវកម្មរបស់គាត់នៅមានកម្រិត។ ក្រោយមក លោកពូ ឡាយ បានស្គាល់ អ៊ិលអូអិលស៊ី តាមរយៈអ្នកជិតខាងរបស់គាត់ ហើយបន្ទាប់ពីបានទទួលការប្រឹក្សាជាមួយមន្ត្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុដែលបានចុះទៅផ្សព្វផ្សាយអំពីសេវាកម្ម និងផលិតផលកម្ចីរបស់ អិលអូអិលស៊ី រួចមក លោកពូ ឡាយ ក៏បានសម្រេចស្នើកម្ចីដំបូងរបស់គាត់ចំនួន ១៥,០០០ដុល្លារ កាលពីឆ្នាំ២០២១ ដើម្បីបន្ថែមទុនដាក់ជីកសិកម្មបន្ថែម និងធ្វើកន្លែងដក និងដាក់ប្រាក់រហ័ស។ បន្ទាប់មកទៀត ក្នុងឆ្នាំ២០២២ លោកពូ ឡាយ បានស្នើកម្ចីលើកទី២ចំនួន ១២,០០០ដុល្លារ សម្រាប់យកមកពង្រីកមុខរបរលក់ចាប់ហួយបន្ថែមទៀត។ សព្វថ្ងៃជីវភាព និងការរស់នៅរបស់គាត់ និងគ្រួសារគឺបានល្អប្រសើរ ដោយសារអាជីវកម្មរបស់គាត់លូតលាស់យ៉ាងរីកចម្រើន។ លោកពូ ឡាយ ជូនសម្អាតអីវ៉ាន់បណ្ដើរ និយាយរៀបរាប់ទាំងទឹកមុខញញឹមញញែមបណ្ដើរថា មុនពេលក្លាយជាអតិថិជនរបស់ អិលអូអិលស៊ី គាត់គ្រាន់តែជាអ្នកលក់ដូរធម្មតាម្នាក់ដែលអាចរកចំណូលបានសម្រាប់តែចាយវាយប្រចាំខែប៉ុណ្ណោះ តែមកដល់សព្វថ្ងៃនេះក្រោយក្លាយជាអតិថិជនរបស់ អិលអូអិលស៊ី គាត់មានលទ្ធភាពពង្រីក និងបង្កើតអាជីវកម្មថ្មីៗបន្ថែមដែលអាចទទួលបានចំណូលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសារ មានលទ្ធភាពឱ្យកូនទៅរៀនបានទៀងទាត់ និងសល់ប្រាក់ខ្លះសម្រាប់ពង្រីកអាជីវកម្មបន្ថែម។ ហើយនេះជាសម្ដីផ្ទាល់របស់ លោកពូ ឡាយ “ខ្ញុំពិតជាអរគុណដល់ប្រាក់កម្ចីរបស់ អិលអូអិលស៊ី ណាស់ដែលបានផ្លាស់ប្ដូរជីវភាពរស់នៅរបស់ខ្ញុំឱ្យប្រសើរឡើង”។